ភ្នំពេញៈ រលកកម្តៅនៃការអន់ចិត្តខកបំណងពីប្រិយមិត្តគាំទ្ររបស់កំពូលតារាចម្រៀងស្រីនៅលើទ្រនំផលិតកម្មថោន អ្នកនាង មាស សុខសោភា បានភាយចេញបន្ថែមទៀតហើយ ចំពោះគុណភាពនៃការផលិតវីដេអូ MV បទថ្មីចំណងជើងថា «បំពេម្តាយ» ខណៈនៅមុនពេលនេះបន្តិចក៏ល្បីថាមានការខកបំណងម្តងទៅហើយជាមួយនឹងរឿងខ្សត់បទចម្រៀងថ្មីនាឱកាសចូលឆ្នាំខ្មែរកន្លងមកនោះ។
សម្រាប់ការចេញវីដេអូបទថ្មីនេះ បើទោះបីមានការសរសើរថា អត្ថន័យ និងសំនៀងរបស់អ្នកនាង មាស សុខសោភា បានអង្រួនបេះដូងអ្នកស្ដាប់ឲ្យទប់ទឹកភ្នែកមិនបានក្តី តែក៏មានការនិយាយបែបរិះគន់មិនតិចដែរទៅនឹងការផលិតវីដេអូ ដោយមានការលើកឡើងថា៖ «ក្រែងបទនេះ ជាបទរបស់បងភា ម៉េចក៏មិនមានបញ្ចូលឈុតឆាកសម្តែងដោយតារាចម្រៀងផ្ទាល់ និងអ្នកម្តាយគាត់ដែលស្ដែងពីអារម្មណ៍គាត់ពិតៗអ៊ីចឹង? ម៉េចដល់ពេលចេញវីដេអូ មកក៏ស្រាប់តែអត់មានសូម្បីតែមួយឈុតអ៊ីចឹង?»។
បើយោងតាមប្រភពអ្នកស្និទ្ធនឹងតារាចម្រៀងស្រី ល្បីរូបនេះបានបង្ហើបឲ្យដឹងថា នាងមានការអន់ចិត្តដែរនាពេលចេញវីដេអូបទ បំពេម្តាយ» ដែលមានគុណភាពបែបនេះ និងថា ស្តាយកម្លាំងចិត្តខំប្រឹងសម្រាប់ពេលនោះទៀតផង។
ការបង្ហើរសំនៀងបទ «បំពេម្តាយ» ដែលចេញចំនឹងទិវាបុណ្យម្ដាយកន្លងទៅថ្មីៗនេះបានធ្វើឲ្យកំពូលតារាចម្រៀង មាស សុខសោភា មានអារម្មណ៍ក្តុកក្តួលអួលដើមក ច្រៀងមិនចេញ បែរជាចេញទឹកភ្នែកជោកជាំលើផែនថ្ពាល់ទាំងគូជំនួសសំនៀងដ៏ពីរោះស្រទន់របស់នាងទៅវិញ។ នេះបើយោងទៅតាមវីដេអូឃ្លីបនៃការធ្វើបទសម្ភាសកាលពីពេលមុនចេញវីដេអូ MV បទនេះ។
ស្របពេលនឹងការលេចចេញនូវរលកព័ត៌មាន អាក់អន់ចិត្តរបស់ក្រុមប្រិយមិត្តគាំទ្រ របស់តារាចម្រៀងស្រីសំនៀងពីរោះស្រទន់ ដែលតែងតែបានបំពេញអារម្មណ៍អ្នកស្តាប់ជាច្រើនឆ្នាំនៅលើទ្រនំផលិតកម្មថោន កើតឡើងផ្ទួនៗនៅក្នុងឆ្នាំ ២០១៧ នេះ ក៏លេចនូវដំណឹងបែបខ្សឹបខ្សៀវមួយទៀតថា៖ «ពេលថ្មីៗនេះ ដូចជាលេចឮថា អ្នកនាង មាស សុខសោភា កំពុងតែមានភរិយាអ្នកធំបានបញ្ចុះបញ្ចូលនាងឲ្យដូរទ្រនំ» ខណៈប្រភពខ្សឹបខ្សៀវដដែលនោះក៏បានបន្តព្រលយជាតម្រុយទៀតថា «ទ្រនំថ្មីរបស់តារាចម្រៀងស្រីល្បី មាស សុខសោភា ទំនងជាផលិតកម្មធំមួយ នៅក្នុងស្រុក ដែលចាប់អារម្មណ៍យ៉ាងខ្លាំងបើនាងចាកចេញពីទ្រនំសព្វថ្ងៃ ហើយគេក៏ចរចាផ្ដល់លក្ខខណ្ឌជាច្រើនដល់នាងទៀតផង»។
ទោះយ៉ាងណាព័ត៌មាននេះមិនត្រូវបានទទួលបកស្រាយពីតារាចម្រៀងស្រីល្បីនៅផលិតកម្មថោនរូបនេះឡើយ ខណៈអ្នកនាង មាស សុខសោភា បានឡើងយន្តហោះទៅតាមម្ចាស់ស្នេហ៍ និងកំពុងស្ថិតនៅទឹកដីប្រទេសកាដាណា រហូតដល់ចុងខែឧសភាទើបត្រឡប់មកប្រទេសកំណើតវិញ។ ភ្នំពេញ ប៉ុស្តិ៍ ក៏បានទាក់ទងទៅកាន់ជំនួយការផ្ទាល់របស់នាងគឺលោក អ៊ុក រតនា ដែរ តែមិនអាចទាក់ទងបាន។ ជុំវិញដំណឹង មាស សុខសោភា អន់ចិត្តនឹងផលិតកម្ម ហើយការទាក់ទងទៅលោក ករុណា ពេជ្រ អ្នកចាត់ការទូទៅផលិតកម្មថោន ទូរស័ព្ទចូលតែពុំមានអ្នកទទួល៕

No comments:
Post a Comment