លោក ខេមរៈ សិរីមន្ត ចង់​ដូរ​ទ្រនំ ខណៈ​កុងត្រា​នៅ​សាន់ដេ កាន់​តែ​ខើច​ខ្លី


ភ្នំពេញ: ក្រោយ​ពីបាន​ឈរ​ជើង​យ៉ាងយូរ ដោយ​មាន​ដើមទុន​ទឹកដម​សំនៀង​បំពេ​អារម្មណ៍​ប្រិយមិត្ត​នៅ​លើ​ទ្រនំ​ផលិតកម្ម​សាន់ដេ ប្រមាណ​ជាង ១០ ឆ្នាំ ហើយ​កុងត្រា​ក៏​កាន់តែ​ខើច​ខ្លី​ទៀត ក៏​ស្រាប់តែ​លេច​ពាក្យ​ចចាម​អារ៉ាម​លេចឮ​ល្ហៀងៗ​ថា តារា​ចម្រៀង​កំពូល​លោក ខេមរៈ​សិរីមន្ត ចង់ដូរ​ទ្រនំ​ថ្មី​ក្រោយ​ចប់​កិច្ចសន្យា ខណៈ​គេនៅ​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថាជា​ផលិតកម្ម​មួយណា​នោះ​ទេ។
នាពេល​ថ្មីៗ​នេះ ទើប​តែ​ទទួល​បាន​ការកោត​សរសើ​រថា ជា​តារា​ចូលរួម​សកម្មភាព​ជួយ​សង្គម​ច្រើន និងងារ​តំណាង​ជាទូត​សុច្ឆន្ទៈ​ពី​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដស៍​ពីអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ជាមួយ​នឹង​តារា​ចម្រៀង​ស្រី ជ្រក​ក្រោម​ទ្រនំ​ហង្សមាស កញ្ញា ទេព បូព្រឹក និង​ជិត​ឈាន​ជើង​ឡើង​យន្តហោះ​ទៅកាន់​ដែន​កោះ​ប្រទេស​អូស្ត្រាលី ដើម​ខែ​មិថុនា ខាងមុខ​នេះ រយៈពេល​មួយខែ ដើម្បី​ទៅ​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​រៃអង្គាស​ប្រាក់​ជួយ​កុមារ​ក្រីក្រ​កម្ពុជា​តាមរយៈ​អង្គការ SCCFA។
បើតាម​ការលើក​ឡើង​ចេញពី​ប្រភព​អ្នក​ស្គាល់​ស្និទ្ធស្នាល​នឹង​ក្រុម​តារា​ចម្រៀង​ត្រកូល​ខេមរៈ បន្លឺ​ថា លោក ខេមរៈ សិរីមន្ត ជិត​ចប់​កុងត្រា ជាមួយ​ផលិតកម្ម​សាន់ដេ ហើយ​ឮថា​មាន​ដំណឹង​ចង់​ចេញ​ទៅ​បើក​ផលិតកម្ម​ថ្មី​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​បងប្អូន​ខ្លួន​ដែល​មាន​លោក ខេមរៈ ភិរុណ និង​កញ្ញា ខេមរៈ ស្រីពៅ ដែល​ទើបតែ​វិល​ពីព្យាបាល​ជំងឺ​នៅ​ថៃ ក្រោយ​បាត់​មុខពី​សង្គម​សិល្បៈ​មួយរយៈ​នោះ។
តែបើ​តាម​លោក ខេមរៈ ភិរុណ ជា​អ្នកនិពន្ធ​ទំនុក​ច្រៀង និង​អ្នក​នាំពាក្យ​ឲ្យ​ក្រុម​តារា​ចម្រៀង​ត្រកូល ខេមរៈ ទាំងពីរ​ប្រចាំ​ផលិតកម្ម​សាន់ដេ លោក​បាន​ផ្ដល់​ចម្លើយ​បែប​ស្រពេចស្រពិល ដោយ​មិន​ទទួល​ស្គាល់​ការចាកចេញ ហើយ​ក៏មិន​បញ្ជាក់​ពីជំហរ​បន្ត​ឈរជើង​លើ​ទ្រនំ​ចាស់​នេះដែរ។
បងប្រុស​របស់​តារា​ចម្រៀង​ល្បី​រូបនេះ​បាន​ឆ្លើយ​តប​យ៉ាងខ្លី​ហាក់ដូច​ជាមាន​បង្កប់​នូវ​ចេតនា​មិន​ចង់​ប្រាប់​ព័ត៌មាន​លម្អិត​ថា៖ «សុំទោស​ផង ចំពោះ​រឿង​ហ្នឹង ខ្ញុំ​ដូចជា​មិនសូវ​បាន​ដឹង​ច្បាស់​នោះ​ទេ។ ហើយ​ប្រសិន​បើ​ចង់ដឹង​ច្បាស់​ថា រឿង​នោះ​វា​យ៉ាងណា សុំចាំ​តាមដាន​ហេតុការណ៍​នោះ​ឲ្យ​បាន​កើត​ឡើង​សិន​ចុះ»។
តែ​សម្រាប់​ស្ថានភាព​កញ្ញា ខេមរៈ ស្រីពៅ ដែល​ជាប្អូន​បង្កើត​របស់​តារា​ចម្រៀង​ប្រុស​ល្បី លោក ខេមរៈ សិរីមន្ត មហាជន​ក៏មិន​ទាន់​ដឹងពី​ពេលវេលា​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​នាង​នឹងត្រូវ​វិល​ចូលមក​បម្រើ​វិស័យ​ការងារ​សិល្បៈ​វិញ​នៅ​ពេលណា ឬក៏​លែង​ចាប់​អាជីព​នេះហើយ​យ៉ាង​ណា​នោះដែរ ក្រោយ​ពីបាន​បង្ហាញ​វត្តមាន​នៅ​ខេត្ត​កំពង់ចាម ក្នុងពិធី​មង្គលការ​បងប្អូន​កាលពី​ថ្ងៃទី ៧ ខែ​ឧសភា កន្លង​មក​នេះ?
អ្នកនិពន្ធ​ទំនុកច្រៀង​ផលិតកម្ម​សាន់​ដេ លោក ខេមរៈ ភិរុណ ក៏ធ្លាប់​បង្ហើប​ប្រាប់​ថា៖ «ចំពោះ​រឿង​គាត់​វិល​ចូល​សិល្បៈ​វិញ ឬចង់​ឈប់​យ៉ាងណា ទោះ​ខ្ញុំជា​បង​បង្កើត​មែន​ក៏មិន​បាន​ដឹង​រឿង​នេះដែរ។ ព្រោះថា នេះជា​ជម្រើស​និងការ​សម្រេច​របស់​គាត់​ផ្ទាល់ ខ្ញុំ​គិតថា ទុក​ឲ្យគាត់​សម្រេចចិត្ត​ដោយ​ខ្លួន​គាត់​ចុះ»៕

No comments:

Post a Comment

មួយណាជាលេខ (ដប់ប្រាំបី)?

មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំ...