
ភ្នំពេញ: ស្ថិតនៅក្នុងផ្សាររាត្រីកុងតឺន័រ ហាងលក់ម្ហូបអាហារជាច្រើនប្រភេទមានទាំងម្ហូបខ្មែរ និងថៃ ជាចំណីកំពុងពេញនិយមសម្រាប់យុវ-វ័យអង្គុយញ៉ាំពេលល្ងាច។ ក្នុងនោះដែរ ហាងគុយទាវ ណាមតុក (Num tok) ជាប្រភេទគុយទាវថៃមានរសជាតិឆ្ងាញ់ប្លែកមាត់។ កញ្ញា រូស៊ី ល័ក្ខ ម្ចាស់ហាងគុយទាវ ណាមតុក នៅក្នុងផ្សាររាត្រីកុងតឺន័របាននិយាយទាំងដៃកំពុងតែលើកចានគុយទាវថា៖ «ខ្ញុំបើកហាងនេះឡើងគ្រាន់តែចង់បង្ហាញនូវរសជាតិគុយទាវដែលយើងយកមកច្នៃទឹកស៊ុបបន្ថែមតាមបែបខ្មែរ តែនៅរក្សារសជាតិគុយទាវបែបថៃដដែល និយាយរួមគឺយើងច្នៃបន្ថែមឲ្យមានរសជាតិឆ្ងាញ់ត្រូវមាត់អតិថិជនខ្មែរយើងតែម្តង» សម្រាប់គុយទាវ Num Tok នេះគឺភ្ញៀវអាចកុម្ម៉ង់ជាគុយទាវ ឬមីក៏បានទៅតាមចំណង់ចំណូលចិត្ត តែជាទូទៅភ្ញៀវច្រើនតែកុម្ម៉ង់គុយទាវ ពីព្រោះវាមានរសជាតិឆ្ងាញ់ សាច់គុយទាវមិនស្អិតជាប់គ្នា ស៊ីគ្នាជាមួយទឹកស៊ុបតែម្តង។ នៅក្នុងចានគុយទាវនោះមានទឹកស៊ុបពណ៌ឈាមជ្រូក សាច់គោ ឈាមជ្រូក ប្រហិតសាច់គោ និងត្រកួន ហើយយើងអាចបន្ថែមនូវគ្រឿងផ្សំរសជាតិខាងក្រៅដូចជា ទឹកម្ទេស ម្ទេសជ្រក់ពិសេសប្រចាំហាង ម្ទេសម៉ដ្ឋ និងស្ករតាមចំណូលចិត្ត។ គុយទាវមួយចានតម្លៃ ១ ម៉ឺនរៀលអាចឲ្យអ្នកញ៉ាំល្មមឆ្អែត។ ក្រៅពីគុយទាវ Num Tok នៅក្នុងហាងនេះក៏មានបាយក្តាំងស្រួយរសជាតិឆ្ងាញ់ផងដែរ។ ហាងគុយទាវ Num Tok ស្ថិតនៅក្នុងផ្សាររាត្រីកុងតឺន័រ (Jet's Container Night Market) ទំនាក់ទំនងទូរស័ព្ទលេខ ០១១ ៥៧០ ០០៧៕
No comments:
Post a Comment